អ្នកអាចដឹងពីរបៀបដែលធ្វើឱ្យត្រូវទៅនឹងគម្រោងការរបស់ព្រះជាម្ចាស់ ក្នុងនាមជាសមាជិកនៃព្រះកាយរបស់ព្រះគ្រិស្ដ ហើយរៀនពីរបៀបដែលព្រះជាម្ចាស់នឹងបំពាក់បំប៉នអ្នក ដើម្បីបម្រើនៅក្នុងក្រុមជំនុំ។ នៅមុខវិជ្ជានេះ ដែលនិពន្ធដោយលោកស្រី (Marian Brandt) មានការទាក់ទងទៅនឹងរបៀបដែលព្រះជាម្ចាស់បានរៀបចំក្រុមជំនុំ និងដាក់សមាជិកម្នាក់ៗទៅតាមព្រះកាយរបស់ព្រះគ្រិស្ដតាមផែនការរបស់ព្រះអង្គ។ វាក៏ជួយផ្តល់យោបល់ដល់អ្នកឱ្យចេះរកឃើញ និងអភិវឌ្ឍព្រះអំណោយទាន ដែលនឹងជួយឱ្យម្នាក់ៗ កសាងក្រុមជំនុំ។ វានឹងជួយអ្នកឱ្យស្វែងយល់ពីរបៀបដែលអ្នកអាចបម្រើព័ន្ធកិច្ចជាមួយអ្នកដឹកនាំផ្សេងៗទៀតនៅក្នុងក្រុមជំនុំក្នុងស្រុក និងរបៀបដែលអ្នកជឿមានអំណោយទាន អាចបម្រើព័ន្ធកិច្ចទៅដល់អស់អ្នកដែលត្រូវការជំនួយ។
ខណៈពេលដែលអ្នកសិក្សាមេរៀនទីមួយនេះ អ្នកនឹងចាប់ផ្ដើមរកឃើញនូវអ្វីដែលជាគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់អ្នក និងរបៀបដែលអ្នកអាចក្លាយជាផ្នែកមួយនៃគម្រោងការរបស់ព្រះអង្គនៅក្នុងលោកីយ៍នាពេលបច្ចុប្បន្ននេះ។ វានឹងជួយឱ្យអ្នកដឹងថាអ្នកណាជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់ ដោយពណ៌នាពីគម្រោងការរបស់ព្រះជាម្ចាស់ សម្រាប់គ្រួសាររបស់ព្រះអង្គ ហើយនឹងពន្យល់ពីរបៀបដែលអ្នកគឺជាផ្នែកមួយនៃគម្រោងការរបស់ព្រះជាម្ចាស់ ដើម្បីនាំដំណឹងល្អទៅកាន់លោកីយ៍នេះ។
មិនមែនគ្រប់គ្នាមានព័ន្ធកិច្ចដូចគ្នានោះទេ។ មានអ្នកអធិប្បាយ និងបង្រៀន មានអ្នកនិយាយប្រកបដោយប្រាជ្ញា និងដោយយល់គម្រោងការរបស់ព្រះជាម្ចាស់ ហើយក៏មានអ្នកដែលបម្រើ និងចែករំលែកផងដែរ។
អ្នកប្រហែលជាមានចម្ងល់អំពីព័ន្ធកិច្ចរបស់អ្នក។ សូមឱ្យសេចក្តីពិតក្នុងមេរៀននេះបង្ហាញអ្នកពីរបៀបដែលរកឃើញព័ន្ធកិច្ចពិសេសក្នុងព្រះកាយរបស់ព្រះគ្រិស្ត។
ពេលអ្នកសិក្សាមេរៀននេះ អ្នកនឹងឃើញពីអ្វីដែលព្រះគម្ពីរមានព្រះបន្ទូលអំពីអ្នកបម្រើព័ន្ធកិច្ចជាគ្រិស្តបរិស័ទ។ វានឹងជួយអ្នក: ១) ពណ៌នាពីលក្ខណៈសម្បត្តិដែលអ្នកបម្រើព័ន្ធកិច្ចជាគ្រិស្ដបរិស័ទគួរមាន ២) សរសេរកិច្ចការចំនួនបីបួនដែលអ្នកអាចធ្វើ ដើម្បីជួយអភិវឌ្ឃអំណោយទានខាងព័ន្ធកិច្ចរបស់អ្នក និង ៣) កំណត់ពីប្រភេទមនុស្ស ដែលព្រះជាម្ចាស់អាចប្រើក្នុងនាមជាអ្នកបម្រើព័ន្ធកិច្ចរបស់ព្រះអង្គ។
នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីំមូលហេតុដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្សមានសមត្ថភាពខុសៗគ្នា។
មេរៀននេះនឹងជួយអ្នក: ១) ពណ៌នាពីទំនាក់ទំនងដែលអ្នកបម្រើព័ន្ធកិច្ចជាគ្រិស្ដបរិស័ទគួរតែមានជាមួយគ្នា ២) ពន្យល់ពីលទ្ធផលដែលកើតមាន នៅពេលអ្នកជឿធ្វើការជាមួយគ្នា និង ៣) ទទួលស្គាល់ពីសារសំខាន់ដែលម្នាក់ៗមាន ក្នុងនាមជាសមាជិកនៃព្រះកាយ។