ការបង្រៀន គឺដូចជាការបោះដុំថ្មតូចមួយចូលទៅក្នុងអាងទឹកអញ្ចឹង។ នៅពេលដែលយើងបង្រៀន ហើយសិស្សរបស់យើងបង្រៀនតទៅកាន់អ្នកផ្សេងទៀត លទ្ធផលគឺដូចជារលកបានសាយភាយពាសពេញពិភពលោក។ សៀវភៅនេះនិពន្ធដោយលោកស្រី Marjorie Steward នឹងជួយបង្ហាញពីរបៀបដើម្បីមានព័ន្ធកិច្ចនៃការបង្រៀន មានផលផ្លែ និងធ្វើឱ្យអ្នកបង្រៀនបានស្កប់ចិត្ត។ ព្រះយេស៊ូបានចាត់អ្នកដើរតាមព្រះអង្គឱ្យ «…បង្រៀនដល់ប្រជាជាតិទាំងអស់…បង្រៀនពួកគេឱ្យស្ដាប់បង្គាប់ និងកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់…» នេះគឺជាបញ្ញាត្តិដែលក្រុមជំនុំត្រូវតែអនុវត្ត។
តើអ្នកដឹងទេថា ព្រះជាម្ចាស់សព្វព្រះទ័យឱ្យអ្នកក្លាយទៅជាគ្រូបង្រៀន? នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីមូលហេតុដែលព្រះជាម្ចាស់សព្វព្រះទ័យឱ្យអ្នកបង្រៀន និងដឹងពីរបៀបបង្រៀន នៅពេលធ្វើព័ន្ធកិច្ច។
នៅក្នុងមេរៀនដំបូងរបស់យើង យើងនឹងមើលនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ២៨:១៩-២០។ យើងនឹងឃើញថា ការបង្រៀនរបស់គ្រិស្តបរិស័ទ គឺជារបៀបដ៏សំខាន់មួយ ដែលជាផែនការព្រះជាម្ចាស់សម្រាប់មនុស្សស្គាល់ពីព្រះអង្គ។ ទ្រង់នឹងជួយយើងឱ្យកា្លយជាគ្រូបង្រៀនគ្រិស្តបរិស័ទ ដូច្នេះ យើងអាចជួយអ្នកដទៃទៀតឱ្យរកឃើញសេចក្តីពិត។
នៅក្នុងមេរៀននេះ យើងនឹងសម្លឹងមើលពីប្រវត្តិនៃការបង្រៀននៅក្នុងព្រះគម្ពីរ។ ការបង្រៀន គឺមានសារសំខាន់នៅក្នុងជីវិតរស់នៅរបស់មនុស្សនៅក្នុងសម័យសម្ពន្ធមេត្រីចាស់ណាស់។ ព័ន្ធកិច្ចនៃការបង្រៀនបានបន្តរហូតមកដល់សម្ពន្ធមេត្រីថ្មី។
សព្វថ្ងៃនេះ យើងក៏ត្រូវការបង្រៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាមនុស្សនៅក្នុងសម័យព្រះគម្ពីរដែរ។ នៅក្នុងពិភពដែលមានដួងចិត្តពេញទៅដោយអំពើបាប សេចក្តីសង្ឃឹមតែមួយគត់របស់យើងគឺ ការស្ដាប់ឮព្រះរាជសាររបស់ព្រះជាម្ចាស់។ ដោយការរៀនពីរាជសារនេះ យើងអាចធ្វើជាគំរូទៅកាន់អ្នកផ្សេងទៀតបាន។ ហេតុនេះហើយ យើងត្រូវមានឆន្ទះក្នុងការបង្រៀនដល់អ្នកដទៃ។
នៅក្នុងមេរៀននេះ យើងនឹងមើលពីហេតុផលដែលយើងត្រូវបង្រៀន។ គ្រប់គ្នាត្រូវការការសិក្សា ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលសុទ្ធសឹងតែទទួលការបង្រៀននៅក្នុងរបៀបដូចគ្នាក្នុងពេលវេលាតែមួយនោះដែរ។ អ្នកខ្លះត្រូវការរៀនពីផែនការនៃការសង្រ្គោះ។ អ្នកខ្លះទៀតត្រូវការរៀនពីរបៀបដែលពួកគេអាចរីកចម្រើនជាគ្រិស្តបរិស័ទ។
យើងទាំងអស់គ្នាត្រូវការគ្រូបង្រៀន ហើយយើងគ្រប់គ្នាបានទទួលសេចក្តីបង្គាប់ឱ្យបង្រៀន។ សេចក្តីពិតខាងព្រលឹងវិញ្ញាណ ទាំងការផ្តល់ឱ្យ និងការទទួលយកទាំងពីរនេះ គឺត្រូវបានរួមបញ្ចូលទៅក្នុងព័ន្ធកិច្ចនៃការបង្រៀន។
គ្រប់គ្នាត្រូវការសេចក្តីបង្រៀន។ ព្រះជាម្ចាស់ជាព្រះអាទិករនៃមនុស្សទាំងអស់ សព្វព្រះទ័យឱ្យមនុស្សគ្រប់រូបស្គាល់ និងស្រឡាញ់ព្រះអង្គ។ យើងនឹងក្លាយទៅជាគ្រូបង្រៀនគ្រិស្តបរិស័ទដ៏ល្អ នៅពេលដែលយើងរៀនថែមទៀតអំពីការបង្រៀនគ្រិស្តបរិស័ទ។ អ្វីដែលគួរតែជាបំណងប្រាថ្នារបស់យើងក្នុងការបង្រៀន គឺដើម្បីឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កុមារ យុវជន និងមនុស្សវ័យចំណាស់។ អធិស្ឋានសូមឱ្យព្រះជាម្ចាស់ជួយដល់អ្នកយល់ពីតម្រូវការរបស់បុគ្គលម្នាក់ៗដែលអ្នកស្គាល់។ នេះគឺជាជំហានដំបូង ដើម្បីក្លាយជាគ្រូបង្រៀនសម្រាប់ព្រះជាម្ចាស់។
នៅក្នុងមេរៀននេះ អ្នកនឹងឃើញពីមូលហេតុដែលគ្រប់គ្នាអាចបង្រៀន និងគួរតែបង្រៀន។ យើងមិនអាចនិយាយបានថា យើងមិនអាចបង្រៀនបាននោះទេ។ ការបង្រៀន គឺជាផែនការរបស់ព្រះជាម្ចាស់ ហើយទ្រង់នឹងជួយដល់យើងនៅក្នុងការបង្រៀននោះដែរ។ ប្រសិនបើ អ្នកព្រមធ្វើតាមផែនការរបស់ព្រះជាម្ចាស់ នោះអ្នកនឹងមានអំណរមកពីព្រះអង្គ។ គ្មានអំណរណាធំធេងជាងការដែលជួយដល់អ្នកដទៃឱ្យស្វែងរកបំណងព្រះទ័យរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់ពួកគេនោះទេ។ អ្នកអាចបង្រៀនបាន!
ការរៀបចំសម្រាប់ការបង្រៀន គឺប្រៀបដូចជាការមើលថែរក្សាសួនច្បារមួយ។ អ្នកត្រូវជ្រើសរើសមេរៀន ហើយបន្ទាប់មក អ្នកត្រូវធ្វើការរៀបចំគម្រោងមេរៀន។ អំឡុងពេលបង្រៀន គ្រូបង្រៀនដាំគ្រាប់ពូជព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលទៅក្នុងដួងចិត្តរបស់សិស្ស។
កិច្ចការទាំងនេះមានហេតុផលតែមួយ គឺដើម្បីធានាថា សិស្សមានជីវិតពេញលេញនៅក្នុងព្រះយេស៊ូគ្រិស្ត។ វាជាភាពរីករាយមួយ នៅពេលដែលឃើញសិស្សរបស់ខ្លួនរៀនរស់នៅឱ្យស្របតាមផែនការរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ។
យើងចង់ឱ្យ «អាហារ» ខាងព្រលឹងវិញ្ញាណរបស់យើងមានឱជារសឆ្ងាញ់។ យើងចង់បង្រៀនតាមរបៀបមួយដែលអ្នករៀននឹងចាប់អារម្មណ៍នូវអ្វីដែលយើងកំពុតែនិយាយ ហើយចង់ឱ្យពួកគេបានរីកចម្រើនខាងផ្នែកព្រលឹងវិញ្ញាណ។ នេះជាហេតុផលដែលយើងត្រូវតែប្រើវិធីសាស្ត្រត្រឹមត្រូវ នៅពេលដែលយើងបង្រៀន។
វិធីសាស្ត្រនៃការបង្រៀនមិនរាប់ថា ជារឿងខាងព្រលឹងវិញ្ញាណទេ។ ប៉ុន្តែ វិធីសាស្ត្រនៅក្នុងកាបង្រៀន គឺជួយដល់ការបង្រៀនរបស់យើងអំពីសេចក្ដីពិតខាងព្រលឹងវិញ្ញាណទៅដល់មនុស្សគ្រប់វ័យឱ្យអាចយល់ និងទទួលយកសេចក្តីពិតនោះបាន។ នៅពេលដែលអ្នកបង្រៀនពីសេចក្ដីពិតដ៏អស្ចារ្យទាំងនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកត្រូវប្រើវិធីសាស្រ្តដ៏ល្អបំផុតនៅក្នុងការបង្រៀន។
ព្រះយេស៊ូបានទទួលសិទ្ធិអំណាចឱ្យបង្រៀនសេចក្តីពិតរបស់ព្រះជាម្ចាស់។ ទ្រង់បានបង្ហាញសិទ្ធិអំណាចនេះ នៅពេលដែលព្រះអង្គបង្រៀន។ ទ្រង់ក៏មានគោលដៅ និងវិធីសាស្ត្រសម្រាប់សម្រេចតាមគោលដៅនោះដែរ។ នេះគឺជាគំរូ ដែលព្រះអង្គបានបន្សល់ទុកសម្រាប់យើងឱ្យដើរតាម។
នៅពេលដែលអ្នកសិក្សាមេរៀនចុងបញ្ចប់នេះ ចូរទូលសូមជំនួយពីព្រះយេស៊ូឱ្យជួយដល់អ្នករៀនពីព្រះអង្គ។ អនុញ្ញាតឱ្យព្រះអង្គដឹកនាំអ្នកទៅកាន់អ្នកណាម្នាក់ ដែលអ្នកអាចបង្រៀនបាននៅក្នុងសប្តាហ៍នេះ។ ចូរអនុវត្តតាមវិធីសាស្ត្រល្អបំផុតនៅក្នុងការបង្រៀនដល់បុគ្គលម្នាក់នោះ។