ភាពពេញវ័យរបស់គ្រិស្តបរិស័ទ គឺជាបំណងរបស់គ្រិស្តបរិស័ទគ្រប់រូប ហើយក៏ជាគោលដៅគឺត្រូវទៅឲ្យដល់ “កំពស់របស់ព្រះគ្រិស្ដ ដែលបំពេញអ្វីៗទាំងអស់” (គម្ពីរអេភេសូ ៤:១៣) ។ នៅក្នុងមុខវិជ្ជាដែលមាន១៩២ទំព័រមួយនេះ លោក រីក ស៊ី. ហូវ៉ាតបង្រៀនថា៖ ទោះបីជាយើងមិនអាចក្លាយដូចជាព្រះគ្រិស្តទាំងស្រុងក៏ដោយ យើងត្រូវតែយោងទៅឲ្យដល់គោលដៅខ្ពស់បំផុតដែលព្រះគម្ពីរបាន កំណត់សម្រាប់យើង ដ្បិតការធ្វើបែបនេះនឹងអនុញ្ញាតឲ្យយើងសម្រេចបានច្រើនជាង ការដាក់គោលដៅដែលទាបពេក។
ព្រះជាម្ចាស់សព្វព្រះទ័យឲ្យមានទំនាក់ទំនង ដែលលូតលាស់ជាមួយមនុស្សម្នាក់ៗ។ មនុស្សលោកក៏ចង់មានទំនាក់ទំនងនេះ ហើយគេមានអារម្មណ៍ថាបាត់បង់ បើគ្មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ទេនោះ។
វគ្គសិក្សានេះ នឹងជួយឲ្យអ្នកបានលូតលាស់ ដោយព្រះវិញ្ញាណដ៏វិសុទ្ធប្រើប្រាស់វាដើម្បីបង្រៀនអ្នក។ នៅពេលដែលអ្នកលូតលាស់ អ្នកនឹងកាន់តែដឹងច្បាស់អំពីសិទ្ធិថ្មី និង អំពីកាតព្វកិច្ចដែលសំខាន់នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។
យើងបានឃើញថា ព្រះវរបិតានៃស្ថានបរមសុខរបស់យើង ទ្រង់សព្វព្រះទ័យចង់បានភាពពេញវ័យរបស់យើង ដើម្បីឲ្យយើងអាចមានប្រកបជាមួយនឹងទ្រង់។ យើងត្រូវតែលូតលាស់ និង បានពេញដោយគោលបំណងសម្រាប់ ដែលព្រះជាម្ចាស់បានបង្កើតយើងមកឲ្យមានសណ្ឋានដូចជាទ្រង់។
អ្នកអាចនឹងសួរថា៖ “តើភាពពេញវ័យរបស់គ្រិស្តបរិស័ទមានលក្ខណដូចម្តេចទៅ?” នេះគឺជាគោលបំណងរបស់យើងនៅក្នុងមេរៀននេះ ។ យើងចង់កំណត់ឲ្យច្បាស់នូវ ភាពពេញវ័យរបស់គ្រិស្តបរិស័ទ ទៅតាមគោលដៅដែលយើងអាចរំពៃឃើញ។
គំរូដំបូងនៃភាពពេញវ័យរបស់គ្រិស្តបរិស័ទ នៅក្នុងព្រះគម្ពីរ គឺព្រះយេស៊ូគ្រិស្ត។ យើងជាគ្រិស្តបរិស័ទត្រូវធ្វើខ្លួនឲ្យដូចជាព្រះយេស៊ូគ្រិស្ត។ នេះគឺជាគោលដៅនៅថ្ងៃណាមួយនៃភាពពេញវ័យរបស់គ្រិស្តបរិស័ទ។
នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីគំរូជាច្រើនផ្សេងទៀត។ គំរូទាំងនេះនឹងរាប់បញ្ចូលទាំង គ្រួសារ ការធ្វើចំការ និង ការកសាង។ គោលបំណងរបស់យើង គឺដើម្បីបានឃើញអំពីផ្នត់គំនិតនៃភាពពេញវ័យរបស់គ្រិស្តបរិស័ទ ឲ្យបានច្បាស់តាមតែអាចធ្វើបាន។
ផ្នែកមួយរបស់មេរៀននេះ គឺដើម្បីបង្ហាញអ្នក ចេញពីអត្ថបទគម្ពីរនូវអ្វីៗដែលធ្វើឲ្យមានការពន្យាភាពពេញវ័យរបស់គ្រិស្តបរិស័ទ ឬ អាចនឹងបញ្ឈប់ទាំងស្រុងតែម្តង។ ផ្នែកមួយទៀត នៃមេរៀននេះ គឺជាចំណុចដែលរៀបរាប់អំពីអ្វីៗដែលជាជំនួយដល់ការលូតលាស់ខាងឯវិញ្ញាណ។ ការដឹងអំពីរឿងទាំងនេះ យើងអាចសហការជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីធ្វើឲ្យជីវិតថ្មីនៅក្នុងព្រះគ្រិស្តរបស់យើង បានលូតលាស់។ ដោយរួមជាមួយគ្នា យើងនឹងរកឃើញការលើកទឹកចិត្ត និង ជំនួយនៅក្នុងការសិក្សានេះ។
ឪពុកម្តាយ និង គ្រូបង្រៀនតែងប្រើប្រាស់ការផ្តល់រង្វាន់ដើម្បីលើកទឹកចិត្តឲ្យយើងបានលូតលាស់។ រង្វាន់ទាំងនេះ គឺហៅថារង្វាន់លើកទឹកចិត្ត។ រង្វាន់លើកទឹកចិត្ត គឺជាអ្វីម្យ៉ាងដែលជំរុញឲ្យយើងមានសកម្មភាព។ ព្រះគម្ពីរបង្ហាញយើងអំពីរង្វាន់លើកទឹកចិត្តជាច្រើន ដែលបានផ្តល់សម្រាប់ឲ្យមានភាពពេញវ័យរបស់គ្រិស្តបរិស័ទ។ មេរៀននេះគឺដើម្បីណែនាំ អំពីរង្វាន់នៅក្នុងព្រះគម្ពីរទាំងនេះ ទៅកាន់អ្នក។
គ្រិស្តបរិស័ទដែលពេញវ័យ អាចទទួលសេចក្តីបង្រៀនដែលព្រះវិញ្ញាណដ៏វិសុទ្ធត្រៀមសម្រាប់ពួកគេ។ សេចក្តីបង្រៀននេះ នាំទៅរកគោលដៅនៃភាពមានប្រយោជន៍ដូចជាព្រះគ្រិស្ត។គ្រិស្តបរិស័ទដែលលូតលាស់ ត្រូវដឹងអំពីការសាកល្បងចុងក្រោយ ដែលពួកគេត្រូវធ្វើនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ ទំនួលខុសត្រូវរបស់គ្រួសារដែលពេញវ័យ ត្រូវតែសម្រេចឲ្យបាន។ ប៉ុន្តែតើយើងសម្រេចគោលដៅទាំងនេះ ឲ្យបានដោយរបៀបណា? ជំពូកនេះ ទាក់ទងជាមួយនឹងជំហានជាក់ស្តែង ដើម្បីសម្រេចគោលដៅទាំងនេះ។
នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានគោលការណ៍សំខាន់ៗដែលបានបង្រៀនទៅកាន់គ្រិស្តបរិស័ទ៖ យើងត្រូវបង្កើតឲ្យបានអ្វីដែលយើងបានរៀន និង បន្តទៅមុខទៀត។ យើងមិនត្រូវបន្ត រៀនមេរៀនដដែលនោះទេ។ យើងមិនត្រូវតោងជាប់ នៅក្នុងតំណាក់កាលជាកូនក្មេង នៅក្នុងដំណើរនៃការលូតលាស់របស់យើងនោះទេ។ មូលដ្ឋានគ្រឹះនៃបទពិសោធន៍ជាគ្រិស្តបរិស័ទរបស់យើង ត្រូវធ្វើឲ្យរឹងមាំ។ បន្ទាប់មក យើងត្រូវចាប់ផ្តើម កសាងឲ្យលើសពីសេចក្តីពិតនៃមូលដ្ឋានគ្រឹះ។
មានមនុស្សម្នាក់បានចោទសួរថា៖ “ប្រសិនបើអ្នក ជាប់ចោទដោយសារអ្នកជាគ្រិស្តបរិស័ទ តើនឹងមានភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់អ្នកដែរឬទេ?” នៅក្នុងន័យមួយ ពិភពលោកនេះគឺដូចជាអ្នកកាត់ក្តីម្នាក់ដែរ។ សូម្បីតែ អ្នកមិនជឿក៏អាចមើលដឹងដែរថា គ្រិស្តបរិស័ទម្នាក់អាចរស់នៅតាមអ្វីដែលគេអះអាង ឬ និយាយ នោះឬ អត់ដែរ។ មេរៀននេះ និយាយទាក់ទងជាមួយនឹងភស្តុតាងដែលគួរឲ្យជឿបំផុត សម្រាប់បង្ហាញពីជីវិតគ្រិស្តបរិស័ទដែលពេញវ័យ៖ ការបង្ហាញរបស់អ្នកជឿ ឲ្យឃើញពីលក្ខណសម្បត្តិរបស់ព្រះយេស៊ូ នៅក្នុងជីវិតរបស់ពួកគេ។
នៅក្នុងអ្នកជឿដែលបានធ្វើដំណើរទៅមុខឆ្ពោះទៅរកភាពដូចជាព្រះគ្រិស្ត គឺមានភស្តុតាងបញ្ជាក់ពិសេសមួយចំនួន។ ដំបូង ពួកគេមានលក្ខណនៃគ្រួសារដែលគ្មាននរណាអាចច្រឡំបាន។ ពួកគេកាន់តែបង្ហាញឲ្យឃើញច្រើនឡើងៗ នូវលក្ខណសម្បត្តិរបស់ព្រះយេស៊ូគ្រិស្ត។
កិច្ចការរបស់អ្នកជឿគឺជាភស្តុតាងទីពីរ ហើយស្មើនឹងភស្តុតាងយ៉ាងច្បាស់អំពីភាពពេញវ័យ។ អ្នកជឿដែលកំពុងលូតលាស់គឺជាអ្នកជឿដែលមានប្រយោជន៍។ នៅពេលដែលគេកាន់តែពេញវ័យ អ្នកជឿកាន់តែទទួលបានទំនួលខុសត្រូវច្រើនឡើងៗ។
ដើម្បីវាស់វែងខ្លួនយើងដោយប្រើខ្នាតគំរូដែលព្រះយេស៊ូគ្រិស្ត សម្រេចបាននៅក្នុងព្រះជន្មរបស់ទ្រង់លើផែនដី គឺហាក់បីដូចជាពិបាកណាស់។ កុំព្រួយ! ព្រះជាម្ចាស់មិនគ្រាន់តែកំណត់ខ្នាតគំរូសម្រាប់នោះទេ ប៉ុន្តែទ្រង់ក៏ជួយយើងឲ្យបានទៅដល់គោលដៅនោះដែរ។ ជាអំណរដ៏ធំធេងរបស់ព្រះជាម្ចាស់ ដែលបានយកមនុស្សទន់ខ្សោយ ហើយបង្ហាញឫទ្ធានុភាពក្នុងការផ្លាស់ប្រែរបស់ទ្រង់តាមរយៈពួកគេ។ នេះគឺជាសេចក្តីសង្ឃឹមដ៏អស្ចារ្យនៃការត្រាស់ហៅរបស់យើងនៅក្នុងព្រះយេស៊ូគ្រិស្ត។