តើអ្នកចង់ដឹង • តើព្រះយេស៊ូជានរណា? • តើអ្នកអាចស្គាល់ព្រះអង្គបន្ថែមទៀតដោយរបៀបណា? • តើព្រះអង្គបានធ្វើអ្វីខ្លះសម្រាប់អ្នក? ប្រសិនបើអ្នកឆ្លើយ “បាទ/ចា៎” នោះសៀវភៅ ព្រះយេស៊ូជានរណា មានប្រយោជន៍សម្រាប់អ្នក។ ដូចអ្នកអានរាប់ពាន់នាក់នៅទូទាំងពិភពលោក នៅពេលដែលអ្នកយកគោលការណ៍នៃសៀវភៅនេះទៅជាការអនុវត្ត នោះវានឹងធ្វើឱ្យជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នកបានប្រសើរឡើង។
តើខ្ញុំអាចសួរអ្នកសំណួរមួយបានដែរឬទេ? តើអ្នកគិតថាព្រះយេស៊ូជានរណា? មនុស្សខ្លះនិយាយថា ព្រះអង្គជាគ្រូបង្រៀនដ៏អស្ចារ្យ។ អ្នកផ្សេងទៀតនិយាយថា ព្រះអង្គជាព្យាការី ជាទស្សនៈវិទូ ជាព្រះរបស់លោកខាងលិច ឬ ជាមនុស្សល្អម្នាក់ដែលមានគំរូល្អគួរឱ្យយើងដើរតាម។
ព្រះយេស៊ូជាគ្រូបង្រៀន និងជាព្យាការីដ៏អស្ចារ្យ ប៉ុន្តែ ទ្រង់ប្រសើរជាងនោះទៅទៀត។ ទ្រង់លើសជាងទស្សនវិទូ ឬក៏គ្រាន់តែជាគំរូសម្រាប់យើង។ នៅក្នុងមេរៀននេះ យើងនឹងស្វែងយល់អំពីព្រះយេស៊ូបន្ថែមទៀត។
សេចក្ដីសន្យាជាផ្នែកមួយនៅក្នុងជីវិតរបស់យើង។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍ក្នុងការរងចាំនរណាម្នាក់ឱ្យពួកគេធ្វើតាមអ្វីដែលពួកគេបានសន្យាដល់យើង។ ជួនកាលយើងត្រូវតែរង់ចាំរយៈពេលដ៏យូរ! ហើយមានពេលខ្លះទៀត យើងក៏មានការខកចិត្តដែរ។
ព្រះជាម្ចាស់ក៏បានសន្យាដែរ។ អស់រយៈពេលជាច្រើនសតវត្សមុនពេលដែលព្រះយេស៊ូប្រសូត្រ ព្រះជាម្ចាស់បានសន្យាអំពីព្រះមេស្ស៊ីនឹងត្រូវយាងមក។ ទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីរបស់ព្រះអង្គ ដែលពួកគេពិពណ៌នាពីអង្គនេះ និងពីកិច្ចការដែលទ្រង់នឹងត្រូវធ្វើ។
មានសេចក្ដីពិតមួយចំនូនអំពីព្រះជាម្ចាស់ងាយស្រួលយល់ជាងអ្វីផ្សេងទៀត។ ឧទាហរណ៍ យើងមិនពិបាកយល់បានថា ព្រះជាម្ចាស់មានលក្ខណៈដូចជាឪពុកម្នាក់នោះទេ។ យើងបានឃើញថា ឪពុកល្អៗតែងតែផ្គត់ផ្គង់ និង ស្រឡាញ់កូនរបស់ខ្លួន។
សេចក្ដីពិតផ្សេងទៀតអំពីព្រះជាម្ចាស់មិនមែនងាយស្រួលយល់ទេ។ មានសេចក្ដីពិតមួយក្នុងចំណោមសេចក្តីពិតផ្សេងទៀតអំពីព្រះជាម្ចាស់ដែលធ្វើឱ្យពិបាកយល់គឺប្រធានបទនៃមេរៀននេះ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។
អ្វីៗទាំងអស់នៅក្នុងសកលលោក ព្រះយេស៊ូវិសេសជាងគេ។ គ្មាននរណម្នាក់ដូចព្រះអង្គឡើយ ពីព្រោះព្រះអង្គ
មានភាពជាព្រះផង ជាមនុស្សផង។ នេះជាសេចក្ដីដែលព្រះគម្ពីរបានបង្រៀន។
ប៉ុន្តែ ហេតុអ្វីបានជាព្រះយេស៊ូចង់ក្លាយជាមនុស្ស? អ្វីដែលព្រះអង្គបានធ្វើគឺដូចជាបុរសអ្នកមានម្នាក់ដែលបានលះបង់វិមានដ៏ស្កឹមស្កៃ និងអ្វីៗគ្រប់យ៉ាងដែលគាត់មាន ដើម្បីមកធ្វើជាអ្នកក្រ។ វាក៏ដូចជាមហាក្សត្រដែលមានអំណាចអញ្ចឹងដែរ ទ្រង់បានលះបង់មនុស្សទាំងអស់ដែលគោរព និងស្ដាប់បង្គាប់ព្រះអង្គ ដើម្បីមកក្លាយជាអ្នកដែលត្រូវគេស្អប់ និងបោះបង់ចោល។
តើអ្នកអាចស្រមៃបានទេថា តើវានឹងមានលក្ខណៈបែបណា ប្រសិនបើអ្នកមិនអាចនិយាយបាន? អ្នកគ្មានវិធីទំនាក់ទំនងជាមួយអ្នកដទៃ? វាជាភាពឯកា និងការខកចិត្តដ៏គួរឱ្យខ្លាចមួយ!
សមត្ថភាពទំនាក់ទំនងរបស់យើងបានមកពីព្រះជាម្ចាស់ដែលបានបង្កើតយើងមក។ ទ្រង់សព្វព្រះហឫទ័យឱ្យយើងស្គាល់ព្រះអង្គ។ ព្រះយេស៊ូគ្រិស្តជាការចាប់ផ្តើម និងជាចុងបំផុតនៃអ្វីៗទំាងអស់ដែលព្រះជាម្ចាស់សព្វព្រះទ័យឱ្យយើងដឹង។
តើអ្នកធ្លាប់ដើរក្នុងទីងងឹត ហើយចង់ឱ្យមានពន្លឺ ដើម្បីអ្នកអាចមើលឃើញដែរឬទេ? អ្នកមិនដឹងអំពីគ្រោះថ្នាក់ដែលអាចកើតឡើងនៅជិតអ្នក ឬ នៅផ្លូវខាងមុខនោះទេ។ អ្នកអាចយល់បានយ៉ាងច្បាស់អំពីមូលហេតុដែល ព្រះគម្ពីរប្រើសេចក្តីងងឹតតំណាងឱ្យការអាក្រក់ ភាពខុសឆ្គង ភាពមិនច្បាស់លាស់ បញ្ហា និងសេចក្តីស្លាប់។ ការទាំងអស់នេះហើយដែលធ្វើឱ្យយើងភ័យខ្លាច និងភាន់ច្រឡំ។
អ្នកបានសិក្សាជាច្រើនអំពីព្រះយេស៊ូរួចហើយ! អ្នកបានរៀនថា ព្រះអង្គជាព្រះមេស្ស៊ីដែលបានសន្យា ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ជាបុត្រមនុស្ស ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាពន្លឺបំភ្លឺពិភពលោក។ ព្រះនាមទាំងអស់នេះប្រាប់យើងនូវសេចក្តីពិតសំខាន់ៗអំពីព្រះអង្គជានរណា។ ការមើលទៅលើអ្វីៗដែលព្រះយេស៊ូបានធ្វើក៏ជាវិធីមួយធ្វើឱ្យយល់ដឹងថាព្រះអង្គជានរណាដែរ។ យើងនឹងពិនិត្យមើលកិច្ចការពីរយ៉ាងរបស់ព្រះអង្គនៅក្នុងមេរៀននេះ៖ ព្រះយេស៊ូប្រោសរូបកាយនិងព្រលឹងរបស់យើងឱ្យជា ហើយព្រះយេស៊ូជ្រមុជយើងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
អ្នកបានសិក្សារួចមកហើយថា ព្រះយេស៊ូប្រោសឱ្យជា និងជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ប៉ុន្តែ មានអ្វីផ្សេងមួយទៀតដែលព្រះអង្គបានធ្វើ ជាកិច្ចការសំខាន់បំផុតលើកិច្ចការទាំងអស់គឺ៖ ព្រះយេស៊ូសង្គ្រោះ! ព្រះគម្ពីរចែងថា ព្រះយេស៊ូបានយាងមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សបាត់បង់។ ប្រយោគសាមញ្ញនេះ គឺជាអត្ថន័យរបស់គ្រិស្តសាសនា។ សាសនាដទៃព្យាយាមផ្តល់គតិខ្ពង់ខ្ពស់សម្រាប់ជីវិត។ ប៉ុន្ដែ ពួកគេមិនផ្តល់ឱ្យអ្នកកាន់តាមមានអំណាចពិតប្រាដក ដើម្បីយកឈ្នះលើអំពើអាក្រក់ឡើយ។
សេចក្តីស្លាប់ឈរនៅចុងបញ្ចប់នៃផ្លូវជីវិតរបស់មនុស្សជាតិគ្រប់រូបគឺដាច់ខាត ជៀសមិនផុត និងចុងក្រោយផង។ នៅថ្ងៃណាមួយ អ្នកមាន អ្នកក្រត្រូវប្រឈមមុខនឹងសេចក្តីស្លាប់នដូចគ្នា។ សូម្បីតែគិតអំពីសេចក្តីស្លាប់ក៏ធ្វើឱ្យមនុស្សភាគច្រើនភ័យខ្លាច និងភេរវកម្មដែរ។ ប៉ុន្តែ អស់អ្នកដែលជឿលើព្រះយេស៊ូគ្រិស្ត មានភាពខុសគ្នាយ៉ាងខ្លាំង។ ពួកគេមិនចាំបាច់ភ័យខ្លាចសេចក្តីស្លាប់ទេ។ តើមូលហេតុអ្វី? ពីព្រោះពួកគេជឿទុកចិត្តលើព្រះអង្គដែលជាសេចក្តីរស់ឡើងវិញ និងជាជីវិត។
តែងតែមានមនុស្សមួយចំនួននៅក្នុងសង្គម ដែលមានអំណាចគ្រប់គ្រងលើអ្នកដទៃ។ សង្គមមិនមានភាពខុសពីគ្នានៅក្នុងសម័យកាលព្រះយេស៊ូប្រសូត្រមកទេ។ ចក្រភពរ៉ូម៉ាំងមិនត្រូវបានដួលរលំដោយគ្រិស្តបរិស័ទទេ។ ព្រះយេស៊ូបានយាងត្រឡប់ទៅស្ថានបរមសុខវិញ ហើយសព្វថ្ងៃនេះ លោកិយ៍ពោរពេញទៅដោយអំណាចផ្តាច់ការភាពឃោរឃៅ និងអ្នកជិះជាន់។ តើព្រះយេស៊ូក្លាយជាព្រះអម្ចាស់យ៉ាងដូចម្តេច? តើព្រះអង្គមានអំណាចបែបណាខ្លះ? តើព្រះអង្គនឹងគ្រប់គ្រងលើរបស់សព្វសារពើនៅពេលណា? មេរៀននេះនឹងឆ្លើយសំណួរទាំងនេះ។